CAMBO REPORT

Popup Advertising5 seconds

vivo​ iQOO​ Pro​ 5G​ នឹង​ត្រូវ​បំពាក់​មក​ជា​មួយ​បន្ទះឈីប​ Snapdragon​ 855+​ ពិត​មែន​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈចុងក្រោយនេះ ពត៌មានលេចធ្លាយ ដែលទាក់ទងទៅនឹង ស្មាតហ្វូនហ្គេម iQOO Pro 5G ហាក់មានច្រើនដែរហើយ ប៉ុន្តែលើកមុននោះ វាហាក់នៅមានចំណុចជាច្រើន ដែលមិនទាន់ច្បាស់ការ។ ដោយឡែកពេលនេះ ក្រុមហ៊ុនខ្លួនឯងផ្ទាល់ បានបង្ហោះរូបភាពមួយសន្លឹក នៅលើបណ្តញសង្គម Weibo ទាក់ទងនឹងស្មាតហ្វូនម៉ូឌែលនេះ ខណៈពេលដែលថ្ងៃប្រកាសផ្លូវការ របស់វា កាន់តែខិតជិតមកដល់ហើយដែរ។

 

 

មិនខុសទេ កាលពីពេលថ្មីៗនេះ រូបភាពមួយសន្លឹកដែលត្រូវបានបង្ហោះចេញពី iQOO mobile phone បានបញ្ជាក់យ៉ាងច្បាស់ថា vivo iQOO Pro 5G នឹងត្រូវភ្ចាប់មកជាមួយបន្ទះឈីបកំពូលជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 855+ ពិតដូចជា ពាក្យចចាមអារ៉ាមបាននិយាយមែន។ គួរបញ្ជាក់ដែរថា បើតាមវិញ្ញាបនបត្រដែល ស្មាតហ្វូនខាងលើទទួលបានពី TENAA បានឲ្យដឹងថា វាអាចនឹងមានអេក្រង់ 6.41 អ៊ីញ ប្រភេទ AMOLED ដែលមានកម្រិតបង្ហាញ FHD+ រួមជាមួយសេនស័រស្កេនស្នាមម្រាមដៃ នៅលើអេក្រង់នោះផងដែរ។ 

 

 

លើសពីនេះ ចំពោះផ្នែកកាមេរ៉ារបស់វាវិញ នៅខាងក្រោយឃើញមានចំនួន 3 គ្រាប់ ដែលទីមួយមានទំហំ 48MP រួមជាមួយគ្រាប់ទីពីរមានទំហំ 13MP និងចុងក្រោយមានទំហំ 12MP ស្ថិតនៅក្នុង Zone ជាមួយគ្នាដែរ។ ដោយឡែក បែមកខាងមុខវិញ វាបានភ្ជាប់ជាមួយសេនស័រកាមេរ៉ាមួយគ្រាប់ដែលមានទំហំ 12MP សម្រាប់ថតស៊ែលហ្វីដូចគេឯងដែរ។ ពិតណាស់ នៅក្នុងបញ្ជីរបស់ TENAA ក៏បានបង្ហាញថា វាបានភ្ជាប់មកជាមួយ បន្ទះឈីប Snapdragon 855+ ដែលរត់ដោយល្បឿន 2.96GHz ព្រមទាំងមានរ៉េម 12GB ជាមួយអង្គផ្ទុក 512GB ផងដែរ។ កាន់តែពិសេសនោះ iQOO Pro 5G ក៏បានភ្ជាប់ជាមួយទំហំថ្មដល់ទៅ 4,410mAh ជាមួយកម្លាំងសាក 44W ទៀតផង។

 

 

ដូច្នេះហើយ vivo iQOO Pro 5G ពិតជាបំពាក់ជាមួយបន្ទះឈីប Snapdragon 855+ ពិតមែន ហើយស្មាតហ្វូនម៉ូឌែលនេះដែរ នឹងត្រូវធ្វើការប្រកាសជាផ្លូវការ នៅថ្ងៃទី 22 ខែសីហាខាងមុខនេះ។ បើតាមលក្ខណៈសម្បត្តិរបស់វានេះ អាចនិយាយបានថា វាជាស្មាតហ្វូនលំដាប់កំពូល កាន់តែពិសេសវាត្រូវបានក្រុមហ៊ុនខាងលើ ផលិតមកសម្រាប់ការលេងហ្គេមទៀតផង អញ្ចឹងតម្លៃរបស់វា ប្រហែលជាមិនថោកនោះទេ រីឯសមត្ថភាពរបស់វា ក៏មិនអន់នោះដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Gsm​ Arena Tag: ទូរស័ព្ទ