CAMBO REPORT

Popup Advertising5 seconds

ជីវប្រវត្តិ​សង្ខេប​របស់​លោក Robert Downey Jr. ដែល​អ្នក​ទាំង​អស់​គ្នា​ស្គាល់​គាត់​ជា Iron Man!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មិត្តអ្នកអានភាគច្រើន ប្រាកដជាដឹង នៅពេលដែលគេសួរថានរណាជា Iron Man? ហើយនរណាគេជាអ្នកដើរតួជា Tony Stark ក្នុងខ្សែស្រឡាយរឿងរបស់ MCU (Marvel Cinematic Universe) ដែលមានដូចជា Iron Man និង Avengers ជាដើមនោះ។ បុរសដែលដើរតួជាតួអង្គ Superhero មានអ្នកគាំទ្រ ស្រលាញ់និងចូលចិត្តច្រើន ហើយយើងតែងហៅថា Tony Stark នោះ គឺមានឈ្មោះពិតថា Robert Downey Jr.។ គាត់ទទួលបានកេរ្តិ៍ឈ្មោះល្បីខ្លាំងដំបូង បន្ទាប់ពីគាត់ដើរតួជា Tony Stark (ឈ្មោះក្នុងរឿង) នៅក្នុងខ្សែភាពយន្ត ដ៏ល្បីមួយមានឈ្មោះថា Iron Man កាលពីឆ្នាំ ២០០៨ ហើយបន្តទទួលបានការគាំទ្រ កាន់តែខ្លាំងបន្ថែមទៀត មកដល់ពេលបច្ចុប្បន្ននេះ។ ចង់ដឹងទេថា មុននឹងគាត់ទទួលបានភាពជោគជ័យដូចសព្វថ្ងៃ គាត់មានប្រវត្តិបែបណា ហើយគាត់មានប្រវត្តិគ្រួសារ ជាអ្នកណា។ អញ្ចឹងនេះ ជាប្រវត្តិរបស់លោក Robert Downey Jr. ត្រួសៗ ដែលអ្នកគាំទ្ររបស់លោក ក៏ដូចជាអ្នកស្រលាញ់ Iron Man ទាំងអស់គួរតែដឹង។

លោក Robert Downey Jr. កើតនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៦៥ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិច។ លោកមានឪពុកឈ្មោះ Robert Downey Sr. និងម្តាយឈ្មោះ Elsie Downey បានទទួលមរណៈភាព កាលពីឆ្នាំ ២០១៤។ គាត់មានបងប្អូនពីរនាក់ ដោយមានបងប្អូនស្រីម្នាក់ ឈ្មោះថា Allyson Downey ជាតារាសម្តែងដូចគ្នា។ បើនិយាយពីប្រវត្តិស្នេហា របស់គាត់វិញ គាត់ធ្លាប់មានទំនាក់ទនងស្នេហា ជាមួយនារីច្រើននាក់ដែរ។ ដោយដំបូងគេ គាត់ចាប់ផ្តើមមានស្នេហា ជាមួយតារាសម្តែង Sarah Jessica Parker ចាប់ពីឆ្នាំ ១៩៨៤–១៩៩១ ហើយបានបែកគ្នា ដោយសារតែការញៀនថ្នាំ របស់លោក Robert Downey Jr.។ បន្ទាប់មក នៅឆ្នាំ ១៩៩២ លោកបានរៀបអាពាហ៍ពិពាហ៍ ជាមួយតារាចម្រៀង និងអតីតតារាសម្តែង Deborah Falconer ហើយទទួលបាន កូនប្រុសម្នាក់ មានឈ្មោះថា Indio Falconer Downey។ ជាអកុសល គូស្វាមីភរិយាមួយគូនេះ បានជួបរឿងរកាំរកុះច្រើន ហើយបានសម្រេចលែងលះគ្នា នៅឆ្នាំ ២០០៤ ដោយសារតែលោក នៅតែមានបញ្ហាជាមួយគ្រឿងញៀន មិនដាច់ស្រេចសោះ។ បន្ទាប់ពីនោះនៅក្នុង អំឡុងឆ្នាំ ២០០៥ គាត់បានរៀបអាពាហ៍ពិពាហ៍ម្តងទៀត ជាមួយអ្នកផលិតភាពយន្ត មួយរូបឈ្មោះថា Susan Levin បន្ទាប់ពីបានមាន ទំនាក់ទំនងស្នេហាជាមួយគ្នា ប្រមាញជាពីរឆ្នាំមកនោះ។ Susan Downey នេះហើយ ជាភរិយារបស់គាត់រហូតមកដល់ បច្ចុប្បន្ននេះ ហើយពួកគាត់ក៏បង្កើតបានកូនប្រុសម្នាក់ នៅក្នុងឆ្នាំ ២០១២ មានឈ្មោះថា Exton Elias Downey និងបានកូនស្រីមួយទៀត នៅក្នុងឆ្នាំ ២០១៤ មានឈ្មោះថា Avri Roel Downey។ អញ្ចឹងសរុបមកវិញ មកដល់ពេលបច្ចុប្បន្ននេះ លោក Robert Downey Jr. មានកូនទាំងអស់ ៣ នាក់ ប្រុស ២ នាក់ និងកូនស្រីម្នាក់។

គាត់ចាប់ផ្តើមសម្តែងលើកដំបូងបង្អស់នៅអាយុ ៥ ឆ្នាំ គឺនៅក្នុងរឿងរបស់ឪពុក របស់គាត់តែម្តង ដែលមានចំណងជើងថា Pound (1970)។ ហើយបន្ទាប់ក្រោយៗមកទៀត គាត់ក៏បានចូលរួមសម្តែង ជាហូរហែក្នុងភាពយន្តជាច្រើន។ គាត់មានដំណែង ជាតួឯងប្រុសដំបូង គឺនៅក្នុងរឿង The Pick-up Artist នៅក្នុងឆ្នាំ 1987។ នៅក្នុងឆ្នាំ 1992 គាត់បានសម្តែងជាតួ Charlie Chaplin នៅក្នុងរឿង Chaplin ជារឿងមួយ ដែលគាត់ប្រឹងប្រែងខ្លាំងមែនទែន ដែលតម្រូវអោយគាត់រៀន លេងវីយូឡុង ក៏ដូចជារៀន វាយ Tennis ដោយប្រើដៃឆ្វេងផងដែរ ដោយធ្វើយ៉ាងម៉េច អោយដូចតួអង្គពិត Charlie Chaplin នោះ។ រឿងនេះហើយ ដែលធ្វើអោយគាត់បានក្លាយជា បេក្ខភាពមួយរូប ក្នុងការដណ្តើមជា Best Actor នៅក្នុងកម្មវិធី Academy Awards លើកទី 65 ដែលយើងស្គាល់ថា ជាពានអូស្កានោះឯង។ តែគួរអោយស្តាយ គាត់មិនបានជាប់ ជាម្ចាស់ជ័យលាភីនោះទេ។ 

ពីឆ្នាំ 1996-2001 គាត់ត្រូវបានប៉ូលីសចាប់ខ្លួន ជាច្រើនលើកច្រើនសារ ពាក់ព័ន្ធនឹងករណី គ្រឿងញៀន ហើយក៏ធ្លាប់ជាប់ ពន្ធនាគារផងដែរ ដោសារគ្រឿងនេះឯង។ ដូចយើងដឹងអញ្ចឹង គ្រឿងញៀននេះហើយ  ដែលបានធ្វើអោយគាត់ បែកបាក់ស្នេហា និងគ្រួសារពីរលើកមកហើយ។ គាត់ក៏បានសារភាពផងដែរថា ការញៀននេះ ចាប់តាំងពីគាត់មានអាយុ ប្រាំបីឆ្នាំមកម្ល៉េះ ដោយដូចយើងដឹងស្រាប់ចឹងថា ឪពុករបស់គាត់ក៏ជា អ្នកញៀនថ្នាំផងដែរ ហើយឪពុកគាត់នេះហើយ ជាអ្នកអោយគាត់ ប្រើប្រាស់ថ្នាំញៀន។

 

បន្ទាប់ពីមានរឿងរ៉ាវនិងបញ្ហាច្រើនទាក់ទងនឹងជីវិតរបស់របស់គាត់ ជាពិសេសរឿងគ្រឿងញៀន អស់រយៈ ៥ ឆ្នាំ ដែលសឹងតែធ្វើអោយគាត់បាត់បង់ អាជីពសម្តែងនោះ គាត់ក៏បានចាប់ផ្តើមផ្តាច់ខ្លួន ពីការញៀននិងចាប់ផ្តើមការ សម្តែងរបស់គាត់ឡើងវិញ។ អាជីពសម្តែងរបស់គាត់ កាន់តែប្រសើរឡើងៗ បន្ទាប់ពីមានការជួយជ្រោមជ្រែង ពីសំណាក់មិត្តភក្តិជិតស្និទ្ធ របស់គាត់គឺលោក Mel Gibson ដោយទទួលបានតំណែងជាតួឯង ក៏ដូចជាតួរង នៅក្នុងរឿងផ្សេងៗទៀត បន្ទាប់ពីនោះមក។ 

មិនត្រឹមតែជាតារាសម្តែងនោះទេ នៅឆ្នាំ ២០០៤ គាត់ក៏បានបញ្ចេញអាល់ប៊ុមចម្រៀង របស់គាត់ជាលើកដំបូង ដែលមានចំណងជើងថា The Futurist។ តែនៅក្នុងឆ្នាំ ២០០៦ គាត់បានលើកឡើងថា គាត់នឹងមិនបន្តការផលិត អាល់ប៊ុមក្រោយៗទៀតនោះទេ ដោយហេតុថា អាល់ប៊ុមដំបូងនោះ មិនទទួលបានជោគជ័យ ដូចអ្វីដែលគាត់ខិតខំ ប្រឹងប្រែង។

 

អាជីពសម្តែងរបស់គាត់កាន់តែជោគជ័យឡើងៗ ដោយនៅក្នុងឆ្នាំ ២០០៧ គាត់ត្រូវបានគេជ្រើសរើសអោយសម្តែង ជាតួអង្គ Iron Man ជារឿងមួយ ដែលធ្វើអោយកេរ្តិ៍ឈ្មោះរបស់គាត់ កាន់តែល្បីរន្ទឺខ្លាំងឡើង ហើយក៏ជាពេល ដែលខ្ញុំចាប់ផ្តើមស្គាល់គាត់ដែរ ថានរណាគេជា Robert Downey Jr.។ នៅឆ្នាំ ២០០៩ រឿង Iron Man នេះ ត្រូវបានដាក់អោយចាក់បញ្ចាំង ជាផ្លូវការ ដែលទទួលបានប្រាក់ចំណូល សរុបរហូតដល់ទៅជាង 585 លានដុល្លារឯណោះ ទូទាំងពិភពលោក។ បន្ទាប់ពីភាពជោគជ័យនេះហើយ គាត់ក៏បានយល់ព្រមដើរតួ ជា Iron Man បន្តទៀត ក្នុងខ្សែស្រឡាយរឿងនេះ ក៏ដូចជាខ្សែស្រឡាយរបស់ MCU ផងដែរ ដោយជាពិសេសនោះ យើងនឹងបានឃើញគាត់ជា Tony Stark ម្តងទៀតនៅក្នុង Avengers: Endgame ផងដែរ។ ហើយតម្លៃខ្លួនរបស់គាត់ ក៏កាន់តែខ្ពស់ឡើងៗ ពីរឿងមួយទៅរឿងមួយទៀត ដែលពិតជាថ្លៃណាស់ ដោយគាត់ជាប់ឈ្មោះជាតារាហូលីវូដ ជួរមុខនៅពេលបច្ចុប្បន្ននេះ ទៀតផង។ មិនត្រឹមតែជាតួ Iron Man នេះទេ ដែលធ្វើអោយគាត់កាន់តែ មានឈ្មោះល្បី ដោយឡែកនៅមានរឿងមួយទៀត ដែលដឹកនាំដោយភរិយា ក្នុងពេលបច្ចុប្បន្ន របស់គាត់ផ្ទាល់នោះ គឺរឿង Sherlock Holmes ត្រូវបានដាក់បញ្ចាំង ក្នុងឆ្នាំ ២០០៩ ក៏បានពង្រីកវិសាលភាព នៃកេរ្តិ៍ឈ្មោះរបស់គាត់ផងដែរ ហើយរឿងនេះ បានប្រាក់ចំណូលសរុបដល់ទៅ 524 លានដុល្លារ ហើយក៏ជារឿង ដែលធ្វើអោយលោក Robert Downey Jr. បានឈ្នះជា Best Actor នៅក្នុងកម្មវិធី Golden Globe ផងដែរ។ បន្ទាប់ពីនោះមក លោកក៏បានសម្តែង នៅក្នុងភាគបន្តនៃរឿង Sherlock Holmes នោះគឺវគ្គ Sherlock Holmes: A Game of Shadows ដែលត្រូវបានដាក់បញ្ចាំង នៅក្នុងឆ្នាំ ២០១១ ហើយក៏មានពាក្យ ចចាមអារ៉ាមទាក់ទងនឹងភាគបី ផងដែរនៃរឿងនេះ តែយើងក៏មិនទាន់ពី កាលបរិច្ឆេទ ច្បាស់លាស់នៅឡើយ។ 

 

បើនិយាយពីពានរង្វាន់ធំៗដែលលោកទទួលបាន និងពានដែលគាត់ជាបេក្ខភាពដណ្តើមពានរួមមាន:

 

• ឈ្នះពាន Best Performance by an Actor in a Motion Picture - Comedy or Musical ក្នុងកម្មវិធី Golden Globe ឆ្នាំ ២០១០ ដែលគាត់សម្តែងក្នុងរឿង Sherlock Holmes (2009) 

 

• ត្រឹមជាបេក្ខភាពដណ្តើមពាន Best Performance by an Actor in a Supporting Role in a Motion Picture ក្នុងកម្មវិធី Golden Globe ឆ្នាំ ២០០៩ ដែលគាត់សម្តែងក្នុងរឿង Tropic Thunder (2008)

 

• ឈ្នះពាន Best Performance by an Actor in a Supporting Role in a Series, Miniseries or Motion Picture Made for Television ក្នុងកម្មវិធី Golden Globe ឆ្នាំ ២០០១ ដែលគាត់សម្តែងក្នុងរឿងភាគ Ally McBeal (1997-2002)

 

• លោកមិនដែលឈ្នះពាន Academy Awards ដែលយើងស្គាល់ថាជាពានអូស្កានោះទេ បានត្រឹមជាបេក្ខភាព ដណ្តើមពានប៉ុណ្ណោះ គឺនៅក្នុងពានដូចខាងក្រោម៖

 

     o ត្រឹមជាបេក្ខភាពដណ្តើមពាន Best Performance by an Actor in a Supporting Role ក្នុងកម្មវិធី Oscar ឆ្នាំ ២០០៩ ដែលគាត់សម្តែងក្នុងរឿង Tropic Thunder (2008)

     

     o ត្រឹមជាបេក្ខភាពដណ្តើមពាន Best Actor in a Leading Role ក្នុងកម្មវិធី Oscar ឆ្នាំ ១៩៩៣ ដែលគាត់សម្តែងក្នុងរឿង Chaplin (1992)។

 

• នៅមានការឈ្នះពាននិងជាបេក្ខភាពដណ្តើមពានច្រើនទៀត។

អញ្ចឹងទាំងនេះជាប្រវត្តិរូបសង្ខេបរបស់លោក Robert Downey Jr. ដែលអ្នកទាំងអស់គ្នាចង់ដឹង ដោយទម្រាំនឹងទទួលបាន ជោគជ័យក្នុងឆាកជីវិត និងជាតារាសម្តែងមានកេរ្តិ៍ឈ្មោះ ដ៏ល្បីល្បាញមកដល់ពេលនេះ គាត់បានហែលឆ្លង ឧបសគ្គច្រើនរាប់មិនអស់។ តែអ្វីដែលអ្នកគួរដឹង និងរៀនពីគាត់ គឺនៅពេលដែលគាត់ដួល គាត់មិនដែលបោះបង់ចោល ក្តីស្រម៉ៃរបស់គាត់ឡើយ ទោះជាគាត់ត្រូវជួបទុក្ខលំបាក យ៉ាងណាក៏ដោយ ក៏គាត់មិនចុះចាញ់ដែរ។ គួរបញ្ជាក់ផងដែរថា បើតាមវេបសាយ Wealthy Gorilla បានចុះផ្សាយថា ចំនួនទឹកប្រាក់សរុប ដែលលោក Robert Downey Jr. មានក្នុងឆ្នាំ ២០១៨ នេះ គឺដល់ទៅ ៣០០ លានដុល្លារឯណោះ ហើយចំនួននេះ នឹងកើតឡើងជាបន្តទៀតផងដែរ ជាពិសេសនៅពេលដែលរឿង Avengers: Endgame ចាក់បញ្ចាំងជាផ្លូវការ។ ចំពោះខ្សែភាពយន្ត ដែលនឹងមានគាត់ចូលរួមសម្តែង ខាងមុខមានដូចជា រឿង Avengers: Endgame ឆ្នាំ ២០១៩ ដែលជាគាត់ដើរតួជា Iron Man, រឿង Sherlock Holmes 3, រឿង The Voyage of Doctor Dolittle ជាដើម គ្រាន់តែរឿងខ្លះ យើងក៏មិនទាន់ដឹងច្បាស់ពីថ្ងៃខែ ចាក់បញ្ចាំង ច្បាស់លាស់នៅឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Pranith ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: IMDb Tag: Lifestyle