CAMBO REPORT

Popup Advertising5 seconds

Razer បញ្ចេញ Keyboard និង Mouse គ្មាន​ខ្សែ​សម្រាប់ Xbox One ជា​ផ្លូវ​ការ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដើមសប្ដាហ៍នេះ ខេមបូរីផតបានចេញផ្សាយរួចទៅហើយនូវការត្រៀម នឹងមកដល់នៃក្ដារចុច និង Mouse របស់ក្រុមហ៊ុន Razer សម្រាប់លេងជាមួយនឹង ម៉ាស៊ីនហ្គេម Xbox One ហើយ ដែលត្រៀមនឹងបង្ហាញខ្លួន ជាលើកដំបូងនៅក្នុង ព្រឹត្តិការណ៍ CES 2019 ខាងមុខនេះ។ យ៉ាងណាក៏ដោយ មកដល់ថ្ងៃនេះ ក្រុមហ៊ុន Razer បានសម្រេចចិត្ត បើកឲ្យអតិថិជនរបស់ខ្លួន ធ្វើការកម្មង់ទុកមុន ទិញយក Keyboard និង Mouse ឥតខ្សែសម្រាប់យក ទៅលេងជាមួយនឹង ម៉ាស៊ីនហ្គេម Xbox One ហើយ ពិសេសអាចយកទៅលេងហ្គេម ជាមួយនឹងកុំព្យូទ័រ រត់ដោយ Windows ក៏បាន។

ក្ដារចុច និង Mouse ស៊េរីថ្មីនេះ គឺលក់មួយឈុតតែម្ដង មិនអាចទិញដាច់ ដោយឡែកបាននៅឡើយទេ សម្រាប់ការកម្មង់ទិញទុកមុន នៅពេលនេះ។ វាមានឈ្មោះហៅ ជាផ្លូវការថា Razer Turret ជាឧបករណ៍បញ្ជាក្រៅ ដំបូងគេបំផុតលើលោក ក្នុងការនាំនូវ បទពិសោធន៍លេងហ្គេមតាម Keyboard និង Mouse មកកាន់ទីផ្សារ Xbox One ជាមួយនឹងក្ដារចុច បែប Mechanical Keyboard មានបន្ទះទាញចេញ មកខាងស្ដាំសម្រាប់ធ្វើជា MousePad មួយទៀត ផ្ដល់ភាពងាយស្រួល ដាក់លេងនៅលើផ្លូវ ឆ្ងាយពីអេក្រង់ម៉ូនីទ័រ ឬទូរទស្សន៍។ សម្រាប់ Mouse វិញ ប្រើប្រាស់សេនស័រ Optical ល្បឿន 5G ថ្មី ដែលផ្ដល់នូវស្ថេរភាព ក្នុងការប្រើប្រាស់ ដល់ 99.4% ជាមួយកម្រិតល្បឿន DPI ដល់ 16,000។

ទាំងក្ដារចុច និង Mouse បើកសិទ្ធិឲ្យម្ចាស់របស់វា ធ្វើការគ្រប់គ្រងភ្លើងពណ៌ RGB តាមកម្មវិធី Chroma បាន ដែលអាចផ្លាស់ប្ដូរភ្លើង ទៅតាមស្ថានការណ៍ ជាក់ស្ដែង លោតតាមហ្គេម កំណត់ពណ៌ តាមចំណង់ចំណូលចិត្ត។ យ៉ាងណាក៏ដោយ អ្នកប្រើប្រាស់អាចនឹង ខ្វាយខ្វល់អំពីកម្លាំងថ្ម តែ Razer អះអាងថា សាកថ្មម្ដង វាអាចប្រើប្រាស់បាន ដល់ទៅ 40 ម៉ោងឯណោះ (បិទភ្លើង) ប្រើបាន 11 ម៉ោង (បើកភ្លើង) ខណៈ Mouse ប្រើបាន 50 ម៉ោង (បិទភ្លើង) 30 ម៉ោង (បើកភ្លើង) ដែលអតិថិជនខ្លួន មិនចាំបាច់ខ្វាយខ្វល់ច្រើន នៅពេលលេងហ្គេមរាប់សិប ម៉ោងឡើយ ដោយគ្រាន់តែដោតឌុយ Adapter ឥតខ្សែ ទៅកាន់ម៉ាស៊ីន Xbox ឬកុំព្យូទ័រជាការស្រេច។

Razer Turret នេះ ចាប់ផ្ដើមបើកឲ្យកម្មង់ទុកមុនហើយ នៅក្នុងតម្លៃ USD 249.99 សម្រាប់មួយឈុត ដោយមានការធានា ត្រឹមត្រូវដល់ 2 ឆ្នាំពីក្រុមហ៊ុន Razer ផ្ទាល់។ សម្រាប់ថ្ងៃចេញលក់ នៅក្នុងទីផ្សារ នឹងធ្វើឡើងនៅថ្ងៃទី 31 ខែមីនា ឆ្នាំ 2019 ក្រោយនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Razer Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ