CAMBO REPORT

Popup Advertising5 seconds

ទីផ្សារ SSD នាឆ្នាំ 2019 នឹងកាន់​តែ​ធ្លាក់​ថ្លៃ​ជាង​នេះ ដែល​ងាយ​ស្រួល​ឲ្យ​អ្នក​ប្រើ​ប្រាស់ Upgrade

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

SSD ឬមកពីពាក្យពេញថា Solid State Drive គឺជាចំនុចស្នូលមួយ ដែលកុំព្យូទ័រនាពេលបច្ចុប្បន្នមិនអាចខ្វះបាន ព្រោះវាជួយ​ច្រើន​ទៅ​​ដល់ការប្រើប្រាស់ទូទៅ ពិសេសបិទបើកកុំព្យូទ័ររហ័សទាន់ចិត្ត ក៏ដូចជាការផ្ទេរទិន្នន័យចំនាយពេលតិច ជួយឲ្យកិច្ចការងារ​ធ្ងន់ៗ​បញ្ចប់​ទៅ​បានដោយរលូន និងរហ័ស ដោយមិនចាំបាច់ខ្វាយខ្វល់ដូចទៅនឹងការប្រើប្រាស់អង្គផ្ទុកទិន្នន័យ Hard Disk Drive ឡើយ​។ មកដល់ចុងឆ្នាំ 2018 នេះយើងសង្កេតឃើញថា ទីផ្សាររបស់ SSD មានការកើនឡើង តែអ្វីដែលពិសេសសម្រាប់​អ្នក​ប្រើប្រាស់​នោះគឺ វាមានការធ្លាក់ថ្លៃច្រើនដែរ មិនដូចកាលពីជាង 2-3 ឆ្នាំមុនទៀតនោះទេ ដែលកាលនោះវាមានតម្លៃថ្លៃ ដែលធ្វើឲ្យអ្នក​ប្រើ​ប្រាស់​មួយចំនួនពិបាកនឹងធ្វើការសម្រេចចិត្តថាគួរទិញយកមកប្រើប្រាស់ ឬក៏អត់។

មកដល់ចុងឆ្នាំ 2018 នេះ យើងសង្កេតឃើញថា ទីផ្សារ SSD បានរីកចំរើនច្រើនគួរឲ្យកត់សំគាល់ គឺថាវាមានច្រើនម៉ាក ច្រើន​ម៉ូឌែល ច្រើនជម្រើស មានតាមល្បឿន ទំហំ ដែលស៊ីសងទៅតាមសាច់ប្រាក់របស់អ្នកប្រើប្រាស់ផងដែរ តែបើនិយាយជារួមមិនថា SSD ប្រភេទណានោះទេ វាពិតជាបានចុះថ្លៃ ធ្វើឲ្យអ្នកប្រើប្រាស់កុំព្យូទ័រភាគច្រើន អាចមានថវិកា​គ្រប់គ្រាន់ ក្នុងការជាវយក​មក​ប្រើប្រាស់ ដោយនៅស្រុកខ្មែរ SSD ពពួក Sata 6 ទំហំ 2.5 អ៊ីញ ដែលមានមេម៉ូរីផ្ទុកទំហំ 120 ឬ 128GB អាចស្វែងរកទិញ​បាន​ក្នុង​តម្លៃចន្លោះពី 25$ ទៅ 30$ ប៉ុណ្ណោះ ជាមួយការធានាពី 1 ឆ្នាំទៅ 3 ឆ្នាំក៏មាន ទៅតាមម៉ាក និងទៅតាមហាងលក់នីមួយៗ។ បើ​ទោះបីជាតម្លៃរបស់វាធ្លាក់ថ្លៃក៏ពិតមែន តែបើយោងតាមការវិភាគទីផ្សារនៃក្រុមជំនាញ DRAMeXchange បានចេញផ្សាយកាល​ពី​ម្សិល​មិញបានឲ្យដឹងថាទីផ្សារ SSD នឹងចុះថ្លៃ 10% បន្ថែមទៀត សម្រាប់ត្រីមាសទី 1 នៃឆ្នាំ 2019។

ការវិភាគ ដែលឈានទៅដល់ការវាយតម្លៃនៃការធ្លាក់ថ្លៃបន្ថែមទៀតនៃ SSD ឆ្នាំក្រោយនេះ ក៏ដោយសារតែបន្ទះឈីប NAND Flash Memory ត្រូវបានផលិតឡើងច្រើនហួសកំណត់ គឺច្រើនជាងអ្វីដែលរោងចក្រទាំងនោះអាចលក់ទៅកាន់ទីផ្សារបាន ជា​ហេតុ​ធ្វើឲ្យ NAND Flash Memory នៅសល់ច្រើន ដែលចំនុចនេះបានជះឥទ្ធិពលទៅដល់ទីផ្សារ SSD ដែលតម្រូវឲ្យវាមានចំនួន​ច្រើន​ក្នុង​ទីផ្សារ ជាមួយ​នឹងការលក់បញ្ចុះតម្លៃ ហើយឆ្នាំក្រោយក៏នឹងកាន់តែធូរថ្លៃជាងមុន មិនមែនធ្លាក់ថ្លៃខ្លាំងនោះទេ គឺធូរថ្លៃជាងមុនថែម​មួយ​កម្រិតទៀត។ ហេតុដូច្នេះ បើសិនជាការវិភាគ និងវាយតម្លៃនេះត្រឹមត្រូវ ឆ្នាំក្រោយ SSD នឹងចុះថ្លៃបន្ថែមទៀត តែសម្រាប់ទីផ្សារ​អន្តរជាតិ​ប៉ុណ្ណោះ ចំនែកទីផ្សារស្រុកខ្មែរយើងក៏មិនដឹងថា តើវានឹងដើរតាមគន្លងនោះឬក៏អត់ បើពិតជាដើរមែននោះ SSD អាចនឹង​មាន​តម្លៃខ្ទង់ 10$ ក្រាស់ប៉ុណ្ណោះសម្រាប់ម៉ូឌែលចាប់ផ្ដើម ឬអ្នកចង់បានអង្គផ្ទុកទិន្នន័យសម្រាប់ដាក់ Windows។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ