CAMBO REPORT

Popup Advertising5 seconds

Hexa អាចឲ្យអ្នកហោះ​លើ​អាកាស​បាន ជាមួយ​រូបរាង​ដូច Drone មាឌយក្ស

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងធ្លាប់តែឃើញនូវឧបករណ៍ Drone ដែលបញ្ជាតាមតេឡេ ដើម្បីថតយករូបភាព ពិសេសវីដេអូពីលើអាកាស ដែលមានទំហំតូច ឬធំ ទៅតាមសមត្ថភាព ម៉ូឌែល និងជំនាន់របស់វា តែបើអ្នកបានឃើញនូវឧបករណ៍ហោះលើមេឃមួយនេះ ដែលត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​មាន​ឈ្មោះថា LIFT Aircraft វិញ អ្នកអាចនឹងលាន់មាត់ថា Drone យក្ស ជាមួយនឹងកង្ហារដល់ទៅ 18 នៅខាងលើ មាន​ជើងទម្រធំៗ 4 នៅខាងក្រោម ពិសេសមានកន្លែងបើកបរមួយសម្រាប់បញ្ជា ដែលវាអាចនាំអ្នកហោះហើយលើអាកាសបាន។

ឧបករណ៍ហោះមួយនេះមានឈ្មោះហៅជាផ្លូវការថា Hexa វាត្រូវបានផលិតឡើងយ៉ាងពិសេសសម្រាប់ប្រើប្រាស់​សម្រាប់​ជីវិត​រស់​នៅ​បែប​សម័យ​ថ្មី ដែលវាមានទម្ងន់ស្រាលត្រឹម 195 គីឡូក្រាមប៉ុណ្ណោះ ដែលធានាទៅដល់ការហោះហើរលើអាកាសបានរយៈពេល 15 នាទី សម្រាប់ការសាកថ្មមួយពេញ។ ជាការពិតណាស់ Hexa ប្រើប្រាស់ថ្មសាក ដូចទៅនឹង Drone និងរថយន្ត Hybrid ទំនើបៗ​អញ្ចឹង​ដែរ តែដើម្បីប្រើប្រាស់ ឬបញ្ជាវាបាន ម្ចាស់របស់វាតម្រូវឲ្យមានបណ្ណបើកបរ (Pilot License) ជាមុនសិនទើប អាចប្រើប្រាស់​វា​ដោយស្របច្បាប់បានសម្រាប់ប្រទេសភាគច្រើន ដោយអ្នកបើកបរមិនត្រូវមានទម្ងន់ធ្ងន់ជាង 113 គីឡូក្រាមឡើង ដោយទម្ងន់ Hexa រួមនឹងអ្នកបើកបរគឺមិនត្រូវឲ្យលើសពី 310 គីឡូឡើយ ដើម្បីឲ្យម៉ាស៊ីនមួយនេះដំណើរការបាន។

ជុំវិញការបញ្ជា និងប្រើប្រាស់វិញ ត្រូវបានបំពាក់មកជាមួយនឹងប្រព័ន្ធអេឡិចត្រូនិចទាំងអស់ ដែលគ្រប់គ្រងដោយកុំព្យូទ័រ ជាខួរ​ក្បាល​ក្នុងការគ្រប់គ្រងប្រព័ន្ធដំណើរការទាំងមូល ផ្ដល់នូវភាពងាយស្រួលទៅដល់ការបញ្ជា មានខ្សែក្រវាត់ការពារ មួកសុវត្ថិភាព អេក្រង់​ប​ង្ហាញទិន្នន័យ។ល។ យ៉ាងណាក៏ដោយ នៅពេលថ្មជិតអស់ Hexa នៅហោះមកកាន់ទីតាំងដើមវិញ ឬចុះទៅតាមការបញ្ជា ដើម្បី​ការពារសុវត្ថិភាព ដោយវាអាចចុះចតទាំងនៅលើដី និងនៅលើផ្ទៃទឹកបានផងដែរ ជាមួយនឹងការទប់លំនឹងបានល្អពីកង្ហារជា​ច្រើន​របស់វា។ Hexa នឹងបង្ហាញខ្លួននៅតាមបណ្ដាប្រទេសជឿនលឿនមួយចំនួនសម្រាប់ផ្នែកកំសាន្ត ទេសចរណ៍ ឬអ្នកមានលុយ​ច្រើន​អាចទិញទុកជិះកំសាន្តលេងនៅតាមភូមិគ្រិះធំៗរបស់ខ្លួនក៏បាន តែជុំវិញតម្លៃវិញក្រុមហ៊ុន LIFT Aircraft នៅមិនទាន់បាន​បង្ហើប​ឲ្យ​បាន​ដឹងនៅឡើយទេ ដោយតម្លៃនឹងប្រកាសចេញនៅពេលក្រោយទៀត!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ