CAMBO REPORT

Popup Advertising5 seconds

ភាពខុស​គ្នារវាង Chinese Version និង Global Version លើ​ស្មាត​ហ្វូន Xiaomi, Honor និង OnePlus

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សព្វថ្ងៃនេះ យើងសង្កេតឃើញថា ទីផ្សារទូរសព្ទចិន ហាក់ដូចជាឡើងកូដ ខ្លាំងមែនទែន បើធៀបទៅកាលពីប៉ុន្មានឆ្នាំមុន ដែល​ធ្លាប់​តែ​ជា​ទូរសព្ទ មិនធ្លាប់​មាន​គេ​អោយ​តម្លៃ ហើយខ្ញុំជឿថា ប្រិយមិត្តដែលកំពុងតែ អានអត្ថបទនេះ ប្រាកដជា មានមួយភាគធំ ដែល​ធ្លាប់​បានប្រើ ទូរសព្ទចិននៅក្នុងស្រុកយើងដែរ កាលពីប៉ុន្មានឆ្នាំមុន។ ជាក់ស្តែង បើយើងសង្កេតមកមើលបច្ចុប្បន្ននេះ ឃើញ​ថា​បណ្តា​​ក្រុមហ៊ុនធំៗ​ដែល​ធ្លាប់ និងកំពុងតែគ្រងតំណែងទីផ្សារស្មាតហ្វូន ដូចជានៅអាមេរិក ជាដើម គឺដេកមិនសូវលក់ប៉ុន្មានទេ ដោយ​​សា​រ​តែចិនពេលនេះ មិនដូចពីមុនឡើយ ក្រុមហ៊ុនទូរសព្ទ រីកដូចផ្សិត ដូចជា ក្រុមហ៊ុនធំៗ Xiaomi, Honor និង OnePlus ជា​ដើម​។ ក្រុមហ៊ុនទាំងនេះ បានកំពុងតែប្រឹងប្រែង ស្វាហាប់ខ្លាំងមែនទែន ដើម្បីដណ្តើមទីផ្សារទូរសព្ទ ឈរលើតារាងកំពូលគេ នៅលើ​ពិភពលោក តែម្តង ឯចំនួនអ្នកប្រើប្រាស់ ក៏កើនឡើងគួរអោយកត់សម្គាល់ ផងដែរ។

ជាការពិតណាស់ ចំពោះស្មាតហ្វូន Android មិនថារបស់ក្រុមហ៊ុន Xiaomi, Honor ឬ OnePlus នោះទេ គឺវាមានបែងចែកជា 2 ប្រភេទ សម្រាប់ដាក់លក់នៅលើទីផ្សារ ដោយមួយជា Chinese Version និងមួយទៀតជា Global Version។ ដោយសារតែការ​បែង​ចែក​បែប​នេះ​ហើយ ទើបធ្វើអោយប្រិយមិត្តមួយចំនួន បានផ្ញើសារមកកាន់ក្រុមការងារ ខេមបូរីផត របស់យើង ជាមួយសំណួរថា តើ​រវាង Version ទាំង 2 ហ្នឹង មានភាពខុសគ្នា យ៉ាងម៉េចខ្លះ?

 

អញ្ចឹងនៅក្នុងពេលនេះ យើងនឹងធ្វើការស្រាយចម្ងល់ខាងលើ មកបង្ហាញជូន ដូចខាងក្រោម លើចំនុចមួយគោលធំៗចំនួន 2 ដែលប្រិយមិត្តអាចកត់សម្គាល់បាន៖

 

•    ផ្ទាំងស្បែកស្រោប (UI)

 

ជាទូទៅ សម្រាប់ទូរសព្ទដែលជា Chinese Version គឺវាមានអមកម្មវិធីចិន តាំងបង្ហាញនៅលើ Home Screen ជាអក្សរចិន រួម​ជាមួយ​កម្មវិធីខ្លះ ជាអក្សរអង់គ្លេស ប្លែកពី Global Version ដែលមានកម្មវិធីដើម ដូចជា Stock របស់ Google តែម្តង។ លើស​ពី​នេះ ទូរសព្ទ Chinese Version ដែលចរាចរណ៍ក្នុងប្រទេសចិន គឺមិនមានប្រើ Google Services នោះទេ មិនថា Google Maps, Google Play និងកម្មវិធីផ្សេងៗ ជាដើមនោះ ដោយវាប្រើប្រាស់ Store របស់ចិន ដោយផ្ទាល់តែម្តង ដើម្បីជំនួសសេវាកម្ម Google​។ អញ្ចឹងបើសិន អ្នកទាំងអស់គ្នា មិនចង់ប្រើផ្សារកម្មវិធីរបស់ចិន (App Store) តែចង់ប្រើ Google Play Store របស់ Google គឺ​តម្រូវអោយអ្នកតម្លើង ដោយខ្លួនឯង ដែលអាចស្រាវជ្រាវពីរបៀបតម្លើងបន្ថែមបានក្នុង Google (បញ្ជាក់៖ នេះមិនមែនជាវិធីផ្លូវការ ផ្តល់ដោយ Google នោះទេ វាជាការបំបែកដោយក្រុម Unofficial Developers តែប៉ុណ្ណោះ)។  

 

-សម្រាប់ OnePlus គឺងាយស្រួលចំណាំ ដោយ Chinese ប្រើ Hydrogen OS ឯ Global ប្រើ Oxygen OS។

 

 

•    ការធានាលើការប្រើប្រាស់ និងកម្រិតសេវា

 

ចូលដល់ចំនុចនេះ មិនពិបាកគិតឡើយ គឺថាទាំងទូរសព្ទ Chinese Version និង Global Version សុទ្ធតែមានការធានាជូន​ដោយ​ផ្ទាល់ ពីខាងក្រុមហ៊ុន Xiaomi, Honor ឬ OnePlus ដូចគ្នា គ្រាន់តែចំពោះ Chinese Version ទទួលបានការធានាជូន សម្រាប់​តែ​អ្នក​ប្រើប្រាស់​ទូរសព្ទ នៅក្នុងប្រទេសចិនតែប៉ុណ្ណោះ ខុសពី Global Version ដែលមានតំណាងធំៗ តាមបណ្តាប្រទេសនីមួយៗ ដើម្បី​ផ្តល់ការធានាជូន សម្រាប់ប្រទេសនោះ។ ចំពោះកម្រិតសេវា វាមិនសូវចោទជាបញ្ហាប៉ុន្មានឡើយ បើទោះជា Chinese Version ត្រូវបានយកមកប្រើនៅស្រុកយើងក៏ដោយ  ដោយម៉ាស៊ីនដែលជួបភាពរអាក់រអួល មានតិចតួចប៉ុណ្ណោះ។

ដូច្នេះ សរុបមកវិញ ចំនុចគោលដែលយើងបានបង្ហាញ គឺជាការស្រាយចម្ងល់របស់ប្រិយមិត្ត ដែលចង់ដឹងភាពខុសគ្នារវាង Chinese Version និង Global Version នៅលើទូរសព្ទ។ ចម្លើយយ៉ាងណាខ្លី ដែលយើងចង់បញ្ជាក់នោះ គឺថាបើអ្នកចង់ទិញស្មាតហ្វូនយក​ទៅ​ប្រើប្រាស់នោះ គួរតែជ្រើសរើសប្រភេទ Global Version ដោយវាផ្តល់ភាពទូលំទូលាយច្រើនលើ Stock នៃកម្មវិធីរបស់ Google មិនដូច Chinese Version ឡើយ ហើយម្យ៉ាងវិញទៀត អ្នកនឹងទទួលបានការធានាយ៉ាងត្រឹមត្រូវ ពីក្រុមហ៊ុនដែលមាន​ទីតាំង​ប្រចាំ​នៅក្នុងប្រទេសយើង ផងដែរ។

បញ្ជាក់បន្ថែម៖ មកទល់ពេលនេះ សម្រាប់ Chinese Version មិនសូវមានវត្តមានច្រើន ដូចកាលពីមុនឡើយ ចាប់ពីមាន​ក្រុមហ៊ុន​ពេញ​សិទ្ធ បើកដំណើរការ នៅក្នុងកម្ពុជាយើង ហើយទៅថ្ងៃមុខទៀត វាអាចនឹងលែងមាន ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ